ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា សូមសម្ដែងការអបអរសាទរ និងស្វាគមន៍ការហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ANA (All Nippon Airways)
ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា សូមសម្ដែងការអបអរសាទរ និងស្វាគមន៍ការហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ANA (All Nippon Airways) ពីទីក្រុងតូក្យូមកទីក្រុងភ្នំពេញ (ណារីតា-ភ្នំពេញ-ណារីតា) ដែលនឹងមានជើងហោះហើរត្រង់នៅថ្ងៃទី២ ទី៥ ទី៩ ទី១២ ទី១៦ ទី១៩ ខែធ្នូ ឆ្នាំ២០២០ និងថ្ងៃទី៩ និងទី២៣ ខែមករា ឆ្នាំ២០២១ បន្ទាប់ពីក្រុមហ៊ុនបានប្រកាសផ្អាកជើងហោះហើរមួយរយៈដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។
ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលមានសុវត្ថិភាពទេសចរណ៍ល្អបំផុតក្នុងការធ្វើទស្សនកិច្ច និងមកទស្សនាក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩ ដោយ “កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ ១ នៅតំបន់អាស៊ី និងលេខ ៣ លើពិភពលោក ជាប្រទេសដែលគ្រប់គ្រងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ បានល្អបំផុត”។
តាមព័ត៌មានពីមន្ត្រីជាន់ខ្ពស់នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា បានបញ្ជាក់ថា ការបើកហោះហើរឡើងវិញនេះ គឺកិច្ចសហប្រតិបត្តិការល្អរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុនក្នុងការជំរុញ និងលើកកម្ពស់វិស័យទេសចរណ៍រវាងប្រទេសទាំងពីរ (កម្ពុជា-ជប៉ុន) ក្នុង និងក្រោយដំណាក់កាលនៃវិបត្តិកូវីដ-១៩ ក៏ដូចជាបង្ហាញឲ្យឃើញពីសុខសន្តិភាព ការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា ជាពិសេស ភាពរឹងមាំនៃប្រព័ន្ធសុខាភិបាល និងការចូលរួមរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបក្នុងការទប់ស្កាត់ គ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អ ព្រមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយទាក់ទាញទេសចរ និងសម្រួលក្នុងការធ្វើដំណើររបស់អ្នកវិនិយោគិនជប៉ុនឱ្យមកទស្សនា និងវិនិយោគមកកាន់កម្ពុជាឲ្យច្រើនឡើងថែមទៀត។
បច្ចុប្បន្នក្រសួងទេសចរណ៍បាននិងកំពុងរៀបចំកម្មវិធីទស្សនកិច្ច “ការធ្វើដំណើរ និងទេសចរណ៍សុវត្ថិភាព” “Travel Bubble” ដែលអនុញ្ញាតឲ្យភ្ញៀវទេសចរអន្តរជាតិជាពិសេសភ្ញៀវទេសចរជប៉ុន អាចធ្វើដំណើរមកព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសុវត្ថិភាពខ្ពស់។
សម្រាប់ព័ត៌មានលំអិតស្តីពីកម្មវិធីនៃការហោះហើរឡើងវិញនេះ សូមចូលទៅកាន់គេហទំព័រ៖
https://www.anahd.co.jp/group/en/pr/202011/20201125.html ។
អាស្រ័យហេតុនេះ ក្រសួងទេសចរណ៍សូមជម្រាបជូនសាធារណជន ប្រតិបត្តិករទេសចរណ៍ ផ្នែកឯកជន និងស្ថាប័នពាក់ព័ន្ធ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមផ្សព្វផ្សាយបន្តឲ្យបានផុលផុស៕