ឯកឧត្តមបណ្ឌិត ថោង ខុន៖ ព្រឹត្តិការណ៍ Angkor Ultra-Trail ឆ្នាំ២០២០ នឹងធ្វើឲ្យបានធំ ព្រោះជាខួប ៥ឆ្នាំ
(សៀមរាប)៖ ថ្ងៃនេះគឺជាថ្ងៃចុងក្រោយក្នុងការរត់ចម្ងាយឆ្ងាយ ១២៨គីឡូម៉ែត្រ នៃទិវារត់ប្រណាំងចម្ងាយឆ្ងាយ Angkor Ultra-Trail លើកទី៤ ឆ្នាំ២០១៩ នៅតំបន់អង្គរ ខេត្តសៀមរាប ស្របពេលឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានប្ដេជ្ញានឹងខិតខំរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍នេះឲ្យបានកាន់តែធំ នាឆ្នាំ២០២០ ព្រោះជាខួបទី ៥ នៃព្រឹត្តិការណ៍កីឡាដ៏ចម្លែកនេះ ។
ការអះអាងនេះបានធ្វើឡើងក្រោយវិញ្ញាសាចំនួន ៣ បានរត់បញ្ចប់ទី កាលពីម្សិលមិញ គឺមានរត់ចម្ងាយ ៤២គីឡូម៉ែត្រ, ៣២គីឡូម៉ែត្រ និង ១៦គីឡូម៉ែត្រ គ្រាដែលព្រឹត្តិការណ៍ Angkor Ultra-Trail ឆ្នាំនេះមានអ្នកចូលរួមច្រើនជាង ១,០០០នាក់ កើនឡើងប្រមាណ ៣៥% បើធៀបនឹងឆ្នាំ២០១៨ ។ ឯកឧត្តមបណ្ឌិត ថោង ខុន មានប្រសាសន៍ថា «ក្រោមកិច្ចសហការគ្រប់ភាគីពាក់ព័ន្ធ ឆ្នាំក្រោយ គឺខួបទី៥ នៃព្រឹត្តិការណ៍នេះ ចឹងយើងនឹងខិតខំរៀបចំឲ្យបានធំ ដោយឆ្នាំនេះយើងបានជាង ១,០០០នាក់ចូលរួម តែឆ្នាំក្រោយធ្វើម៉េចឲ្យមានអ្នកចូលរួមច្រើនជាងនេះ» ។
តាមរយៈការរៀបចំ ៤ឆ្នាំកន្លងមក លោករដ្ឋមន្ដ្រី មានជំនឿចិត្តខ្ពស់ក្នុងការទាក់ទាញភ្ញៀវទេសចរមកចូលរួមព្រឹត្តិការណ៍នេះ ព្រោះជាតំបន់គោលដៅទេសចរណ៍ពិភពលោកមិនអាចរំលងបាន ។ ឯកឧត្តមរដ្ឋមន្ដ្រីបន្ដថា «អង្គរ គាត់បានបង្ហាញខ្លួនគាត់ទៅកាន់ពិភពលោក ហើយគួរផ្សំនឹងយើងរៀបចំព្រឹត្តិការណ៍ធំៗ នៅតំបន់អង្គរ អ្នកណាក៏ស្គាល់ដែរ ។ ផ្ដើមចេញពីភាពល្បីល្បាញរបស់អង្គរនេះ យើងចង់រៀបចំព្រឹត្តិការណ៍អ្វី ក៏មិនពិបាកដែរ សំខាន់ការផ្សព្វផ្សាយយើងបានទៅដល់គេ ឬអត់? ហើយការរៀបចំនៅអង្គរ គឺជោគជ័យរួចទៅហើយ ព្រោះរាល់ការរៀបចំ តែងមានមនុស្សចូលរួមច្រើន...»។
ទន្ទឹមជាមួយគ្នា ឯកឧត្តមរដ្ឋមន្ដ្រី ថោង ខុន បានធ្វើការវាយតម្លៃខ្ពស់ ចំពោះព្រឹត្តិការណ៍ Angkor Ultra-Trail ឆ្នាំនេះ ដែលមានកំណើនអ្នកចូលរួមដ៏ច្រើន រហូតដល់ ៣៥% ក្នុងនោះបរទេសកើនប្រមាណ ៣០% មកពី ៤២ប្រទេសលើពិភពលោក ខណៈពលរដ្ឋកម្ពុជាកើនប្រមាណ ៥០% បើធៀបនឹងឆ្នាំ២០១៨ គ្រាដែលបារាំង ឈរលេខ១, កម្ពុជា ឈរលេខ២, និងចិន ឈរលេខ៣, អង់គ្លេសឈរលេខ៤, ជប៉ុន ឈរលេខ៥, ម៉ាឡេស៊ី ឈរលេខ៦ និងអាមេរិក ឈរលេខ៧ ។ ប៉ុន្ដែក្រៅពីកីឡាករ-កីឡាការិនីចូលរួម ក៏មានបងប្អូន និងញាត្តិមិត្ដពួកគេមកចូលរួម ធ្វើឲ្យចំណេញដ៏វិស័យទេសចរណ៍ និងសេដ្ឋកិច្ចជាតិផងដែរ ។
សូមរំឮកថា ព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ចម្លែកនេះ បានចេញដំណើរ តាំងពីម៉ោង ៤ ទាបភ្លឺថ្ងៃទី១៩ ខែមករាម្លេះ ហើយនៅព្រឹកថ្ងៃដដែល មានវិញ្ញាសាចំនួន ៣ បានរត់ដល់ទី និងរៀបចំពិធីបំពាក់មេដាយរួចរាល់ រួមមានវិញ្ញាសារត់ចម្ងាយ ៤២គីឡូម៉ែត្រ, ៣២គីឡូម៉ែត្រ និង ១៦គីឡូម៉ែត្រ ដោយមានការចូលរួមពីឯកឧត្តមបណ្ឌិត ថោង ខុន មុនវិញ្ញាសារត់ចម្ងាយ ៦៤គីឡូម៉ែត្ររត់ដល់ទីនៅថ្ងៃដដែល ។ ចំណែកវិញ្ញាសារត់ចម្ងាយឆ្ងាយ ១២៨គីឡូម៉ែត្រ ដែលរត់កាត់ស្បៃរាត្រីកាលពីយប់មិញ នឹងរត់ដល់ទី នៅព្រឹកថ្ងៃទី២០ ខែមករានេះ ខណៈពិធីបំពាក់មេដាយ គ្រោងនឹងរៀបចំនាវេលាម៉ោង ១២ថ្ងៃត្រង់ នៅសណ្ឋាគារ Angkor Paradise។
គួរបញ្ជាក់ដែលថា គោលបំណងសំខាន់ៗ ក្នុងការរៀបចំព្រឹត្តិការណ៍ Angkor Ultra-Trail កម្រិតពាក់កណ្ដាលអាជីព និងអាជីពនេះ គឺផ្ដោតទី១៖ ពង្រីកផែនការពិពិតកម្មកីឡាទេសចរណ៍ ដែលជាផលិតផលទេសចរណ៍ថ្មីមួយទៀត ដើម្បីទាក់ទាញ និងផ្ដល់ជម្រើសថ្មីៗ ជូនដល់ភ្ញៀវទេសចរណ៍ ។ ទី២៖ ពង្រីកសក្ដានុពលផ្សព្វផ្សាយទេសចរណ៍ វប្បធម៌ “ឯក” សៀមរាបអង្គរបន្ថែម ។ ទី៣៖ រួមចំណែកផ្សព្វផ្សាយអប់រំ កិច្ចគាំពារបរិស្ថាន “ស្អាត និងបៃតង” ក្នុងតំបន់បេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិសៀមរាបអង្គរ និងទី៤ រួមចំណែកបង្កើនបន្ថែមប្រាក់ចំណូលដល់ផលិតផលទេសចរណ៍ សេវាកម្មទេសចរណ៍ ពិសេសជួយដល់ប្រព័ន្ធមីក្រូសេដ្ឋកិច្ចជាតិផងដែរ៕