ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ណែនាំឱ្យគណៈកម្មការអន្តរក្រសួង អនុវត្តផែនការគ្រប់គ្រងគោលដៅមានសុវត្ថិភាពក្នុងខេត្តព្រះសីហនុ ឱ្យបានរួចរាល់មុនខែវិច្ឆិកា
(ភ្នំពេញ)៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានណែនាំដល់ក្រុមការងារគណៈកម្មការអន្តរក្រសួង យកផែនការគ្រប់គ្រងគោលដៅមានសុវត្ថិភាព ចាប់ផ្តើមអនុវត្តន៍នៅក្នុងខេត្តព្រះសីហនុ ដោយធ្វើការឱ្យជាក់លាក់ជាមួយរដ្ឋបាលខេត្ត ដោយអនុវត្តន៍តាមវិធីប្រតិបត្តិស្តង់ដាអប្បរមា (SOP) ឱ្យបានរួចរាល់មុនខែវិច្ឆិកា ឆ្នាំ២០២១នេះ ដើម្បីត្រៀមរៀបចំវេទិកាទេសចរណ៍អាស៊ាន នៅខែមករា ឆ្នាំ២០២២ (ASEAN Tourism Forum 2022) ខាងមុខ។
ឯកឧត្ដម ថោង ខុន បានណែនាំដូចនេះនាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំវេទិកាទេសចរណ៍ អាស៊ានឆ្នាំ២០២២ (ASEAN Tourism Forum 2022) នៅទីស្តីការក្រសួងទេសចរណ៍ តាមរយៈប្រព័ន្ធវីដេអូអនឡាញ (Zoom Meeting)។
សូមជម្រាបថា ស្តង់ដាអប្បរមា (SOP) របស់ក្រសួងទេសចរណ៍រូមមាន៖ នីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍, នីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍, នីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មរមណីដ្ឋានទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍។
បន្ថែមពីនេះ ឯកឧត្ដម ថោង ខុន បានឱ្យដឹងថា វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ (ATF 2022) នេះ នឹងប្រារព្ធឡើងនៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៦-២២ ខែមករា ក្រោមប្រធានបទ «អាស៊ាន៖ សហគមន៍សន្តិភាព និងវាសនាតែមួយ (ASEAN – A Community of Peace and Shared Future)» ដើម្បីឆ្ពោះទៅការស្តារវិស័យទេសចរណ៍ និងការបើកឡើងវិញនូវវិស័យនេះក្នុងតំបន់ប្រកបដោយភាពធន់ និរន្តរភាព និងភាពទទួលខុសត្រូវនាពេលអនាគត។
ឯកឧត្ដមក៏បានណែនាំដល់គណៈកម្មការអន្តរក្រសួង រួមទាំងអ្នកដែលត្រូវធ្វើបដិសណ្ឋារកិច្ចនៅក្នុងវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ ដាច់ខាតគួរត្រូវបានចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នា ដើម្បីធានាបានសុត្ថិភាពខ្ពស់។ ជាមួយគ្នានោះក៏ត្រូវត្រៀមជាមុន និងឱ្យបានរួចរាល់ក្នុងការពង្រឹងសេវាកម្មទេសចរណ៍ជូនភ្ញៀវឱ្យបានល្អផងដែរ។
ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ទៀតថា វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២នេះ ដែលធ្វើឡើងនៅក្នុងក្រុងព្រះសីហនុនេះ ពិតជាស័ក្តិសមដោយសារខេត្តនេះ បានកសាងប្រព័ន្ធហេដ្ឋរចនាសម្ពន្ធបានរួចហើយទាំងក្នុងទីក្រុង និងនៅតាមមាត់ឆ្នេរសមុទ្រ ហើយការរៀបចំកែលម្អសោភ័ណភាពឆ្នេរសមុទ្រទាំងឡាយ ក៏បានស្អាតគួរជាទីទាក់ទាញ។ ជាមួយគ្នានោះ ក្រុងព្រះសីហនុមិនត្រឹមតែបានរៀបចំស្អាតរួចហើយនោះទេ ហើយទីតាំងរៀចំកម្មវិធីក៏ទូលាយ នៅក្នង បរិវេណនៃ សណ្ឋាគារ និង រមនិយដ្ឋានមួយ ធំទូលាយ ងាយស្រួលក្នុងការគ្រប់គ្រង រាល់សកម្មភាព និងមិនមានហានិភ័យនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ខ្ពស់នោះទេ។
សូមបញ្ជាក់ថា នៅក្នុងវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២នេះ នឹងមានព្រឹត្តិការណ៍សំខាន់ៗ ដូចជា កិច្ចប្រជុំរបស់ស្ថាប័នទេសចរណ៍ថ្នាក់ជាតិ (National Tourism Oganizationa) កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន (ASEAN Tourism Ministers Meetings) កិច្ចប្រជុំអាស៊ានបូកបី (ជប៉ុន កូរ៉េខាងត្បូង និងចិន) កិច្ចប្រជុំអាស៊ាន បូកមួយ (អាស៊ាន-ឥណ្ឌា - រុស្សី) និងអាចមានកិច្ចប្រជុំជាមួយអង្គការដៃគូរពាក់ព័ន្ធ ព្រមទាំងកិច្ចប្រជុំផ្នែកឯកជន (ASEANTA Meetings) និងសិក្ខាសាលានានាជាច្រើន ដែលកិច្ចប្រជុំមួយចំនួនអាចនឹង ធ្វើតាមរបៀបកូនកាត់ លើកលែងតែកិច្ចប្រជុំក្នុងក្របខណ្ឌ អាស៊ាន ១០ ដែលអាចប្រជុំដោយផ្ទាល់។រីឯការតាំងពិព័រណ៍ទេសចរណ៍អន្តរជាតិ TRAVEX ដែលជាវេទិកាធុរកិច្ចទេសចរណ៍ដ៏សំខាន់នោះ ក៏នឹងត្រូវរៀបចំឡើងក្នុងទំហំមួយ ដែលអាចគ្រប់គ្រងបានផងដែរ៕