បច្ចុប្បន្ន កម្ពុជាមានទូកប្រមូលសំរាមដែលបំពាក់ដោយបច្ចេកវិទ្យាថ្មីរបស់អាល្លឺម៉ង់ ហៅថា CollectiX សម្រាប់ប្រើប្រាស់ក្នុងការសម្អាតសំរាមនៅតាមទន្លេ ខណៈទូកប្រមូលសំរាមនេះគ្រប់គ្រងដោយគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ដូច្នេះប្រសិនបើនៅតាមដងទន្លេ ឬកន្លែងណាមួយមានសំរាមនៅក្នុងទឹក អាជ្ញាធររាជធានី-ខេត្តអាចស្នើសុំទូកនេះចុះទៅប្រមូលសំរាមក្នុងមូលដ្ឋានរបស់ខ្លួនបាន

ដើម្បីជំរុញឱ្យយុទ្ធនាការផ្សព្វផ្សាយបានទូលំទូលាយ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត អង្គការ River Ocean Cleanup និងសហគ្រាសសង្គម everwave បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ «យុទ្ធនាការសម្អាតទន្លេដោយប្រើប្រាស់ទូកប្រមូលសំរាមបំពាក់បច្ចេកវិទ្យាថ្មីរបស់អាល្លឺម៉ង់ CollectiX» ក្រោមអធិបតីភាពលោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ដែលមានអ្នកចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធដែលជាសមាជិកគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នៅទីតាំងផ្ទាល់ និងតាមប្រព័ន្ធអនឡាញ (Zoom) ប្រមាណ១២០នាក់
នាឱកាសពិធីផ្សព្វផ្សាយនោះ ឯកឧត្ដម ជា បូរ៉ា បានឱ្យដឹងថា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ បានសហការជាមួយសហគ្រាសសង្គម Everwave អង្គការ River Ocean Cleanup និងសាលារាជធានីភ្នំពេញ ចាប់ផ្តើមអនុវត្តយុទ្ធនាការសម្អាតទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដោយប្រើប្រាស់ទូកប្រមូលសំរាមបំពាក់បច្ចេកវិទ្យាថ្មីរបស់អាល្លឺម៉ង់ CollectiX។ យុទ្ធនាការសម្អាតទន្លេនេះដើរស្របទៅនឹងយន្តការប្រឡងប្រណាំងទីក្រុងស្អាតដែលត្រូវបានដាក់ឱ្យអនុវត្តចាប់តាំងពីឆ្នាំ២០១១ ហើយយន្តការវាយតម្លៃផ្តោតលើស្តង់ដាទីក្រុងស្អាត។
ឯកឧត្ដមបានបន្តថា សព្វថ្ងៃនេះ យុទ្ធនាការសម្អាតទន្លេនេះកំពុងអនុវត្តយ៉ាងសកម្មជាមួយដៃគូអនុវត្តក្នុងការប្រមូលសំរាមចេញពីដងទន្លេនៅក្នុងរាជធានីភ្នំពេញ ដែលមានអមជាមួយការសម្អាតតាមបណ្តោយច្រាំង និងការអប់រំបរិស្ថានជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សអំពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវផងដែរ។
ឯកឧត្ដមបានបន្តទៀតថា ដោយមើលឃើញពីលទ្ធផល និងសក្តានុពលនៃយុទ្ធនាការសម្អាតទន្លេនេះ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានអនុញ្ញាតជាគោលការណ៍ក្នុងការបន្តកិច្ចសហការជាមួយអង្គការ River Ocean Cleanup និង Everwave ដើម្បីពង្រីកវិសាលភាពនៃយុទ្ធនាការសម្អាតទន្លេនេះទៅតាមបណ្តាខេត្តនៅទូទាំងប្រទេសកម្ពុជា ក្នុងការសម្អាតទន្លេបឹងបួដែលកំពុងជួបប្រទះបញ្ហាបំពុលដោយសំរាម។ ដូចនេះជាសក្ខីភាពនៃកិច្ចសហការ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍នឹងចុះអនុស្សរណៈយោគយល់គ្នាស្តីពីបេសកកម្មសម្អាតទន្លេជាប្រវត្តិសាស្រ្ត សំដៅលើកកម្ពស់ទីក្រុងស្អាត និងវិស័យទេសចរណ៍ ជាមួយនឹងអង្គការ River Ocean Cleanup និង Everwave GmbH នៅថ្ងៃនេះ។
លោក ហ៊ួត រិទ្ធី ប្រធាននាយកដ្ឋានសេវាគាំពារទីក្រុងស្អាត និងជំរុញការប្រឡងប្រណាំង នៃក្រសួងទេសចរណ៍ បានបញ្ជាក់ថា យុទ្ធនាការសម្អាតទន្លេនេះគ្រោងនឹងពង្រីកវិសាលភាពទៅទូទាំងប្រទេសកម្ពុជា ដើម្បីដោះស្រាយបញ្ហាបំពុលដោយសំរាមនៅក្នុងទឹក។ ក្នុងន័យនេះ ក្រុមការងារស្នើសុំកិច្ចសហការពីអាជ្ញាធរមូលដ្ឋាននៅតាមបណ្តាខេត្តទាំងអស់ ដើម្បីជ្រើសរើសទីតាំង និងផ្តល់កិច្ចសហការដើម្បីការអនុវត្តយុទ្ធនាការនេះសម្រេចបានប្រកបដោយភាពជោគជ័យ។
លោកបានថ្លែងយ៉ាងដូច្នេះថា «ប្រសិនបើនៅតាមដងទន្លេ ឬកន្លែងណាមួយមានសំរាមនៅក្នុងទឹក អាជ្ញាធរខេត្តនីមួយៗ ឬអាជ្ញាធរមូលដ្ឋានអាចស្នើសុំទូកនេះចុះទៅប្រមូលសំរាមក្នុងមូលដ្ឋានរបស់ខ្លួនបាន ហើយក្រុមការងារគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតនឹងផ្ដល់កិច្ចសហការជាមួយ»។
លោក នូ សុវណ្ណ នាយកប្រតិបត្តិអង្គការ River Ocean Cleanup និងកញ្ញា ចាកឃ្លីន ផាស្តឺរ (Jacqueline Paster) អ្នកគ្រប់គ្រងគម្រោងរបស់ក្រុមហ៊ុន everwave បានធ្វើបទបង្ហាញស្តីពីយុទ្ធនាការសម្អាតទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់នៅរាជធានីភ្នំពេញ ដោយប្រើទូកប្រមូលសំរាមបំពាក់បច្ចេកវិជ្ជាថ្មីរបស់អាល្លឺម៉ង់ CollectiX ក្រោមកិច្ចសហការពី គ.ជ.វ.ទ. និងរដ្ឋបាលរាជធានីភ្នំពេញបានកំពុងអនុវត្តនូវសកម្មភាព ដូចជា ១.ប្រើប្រាស់ទូកដើម្បីប្រមូលសំរាម ២.ការសម្អាតនៅលើដី ៣.ការបង្កើតមជ្ឈមណ្ឌលគ្មានសំណល់ដែលជាទីតាំងបែងចែក និងរៀបចំសំរាម ៤.ការបង្កើនការយល់ដឹង ៥.ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងសំរាម និង៦.ការរឹតបន្តឹងការអនុវត្តច្បាប់។
ឯកឧត្ដមរដ្ឋលេខាធិការ ជា បូរ៉ា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមសម្អាតទន្លេ ដងស្ទឹង បឹងបួ និងបញ្ឈប់ការចោលសំរាមឥតសណ្តាប់ធ្នាប់ ដើម្បីចូលរួមថែរក្សាបរិស្ថានធម្មជាតិទាំងអស់គ្នា ដើម្បីសម្រេចបាននូវភាពស្អាតដែលមានសារៈសំខាន់បំផុតក្នុងការថែរក្សានិងបង្កើនទេសភាពស្រស់ត្រកាល ប្រណីតភាព បរិស្ថានល្អ អនាម័យ សុវត្ថិភាព និងជាតម្រូវការចាំបាច់សម្រាប់ការជំរុញការស្តារវិស័យទេសចរណ៍យើងនៅក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩។

 

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.