មន្ត្រីជំនាញស្ថិតិទេសចរណ៍ក្នុងតំបន់ GMS គាំទ្រដល់ការបង្កើតទំរង់ស្ថិតិទេសចរណ៍រួមគ្នា (Dashboard)
មន្ត្រីជំនាញស្ថិតិទេសចរណ៍ក្នុងតំបន់ GMS គាំទ្រដល់ការបង្កើតទំរង់ស្ថិតិទេសចរណ៍រួមគ្នា (Dashboard)
(បាត់ដំបង)៖ នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ ក្រសួងទេសចរណ៍កម្ពុជា ដោយមានការគាំទ្រពីគម្រោង GMS TIIG No.3194-CAM (COL) បានសហការជាមួយការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ (MTCO) និងមន្ទីរទេសចរណ៍ខេត្តបាត់ដំបង រៀបចំកិច្ចប្រជុំសុខដុមនីយកម្មស្ថិតិទេសចរណ៍ នៃមហាអនុតំបន់មេគង្គលើកទី ៣ (GMS Statistics Harmonization Work shop) ក្រោមអធិបតីភាព ឯកឧត្តម ថោង រដ្ឋសកិ្ត អគ្គនាយកនៃក្រសួងទេសចរណ៍ និងមានការចូលរួមពីប្រទេសជាសមាជិកចំនួន៤ គឺ៖ កម្ពុជា ឡាវ ភូមា និងថៃ ក្នុងនោះ ក៏មានវត្តមានតំណាងការិយាល័យសម្របសម្រួលមេគង្គ (MTCO) ប្រចាំនៅប្រទេសថៃ ផ្នែកឯកជន ក្រសួង មន្ទីរពាក់ព័ន្ធសរុបចំនួន ៣៧នាក់។
កិច្ចប្រជុំបានពិនិត្យ និងវាយតម្លៃទៅលើលទ្ធផលនៃកិច្ចប្រជុំសុខដុមនីយកម្មស្ថិតិទេសចរណ៍ មហាអនុតំបន់មេគង្គលើកទី១ នៅខេត្តសៀមរាប ឆ្នាំ២០១៦ និងលើកទី២ នៅខេត្តកំពត កាលពីខែសីហា ឆ្នាំ២០១៨ កន្លងមក។ កិច្ចប្រជុំលើកទី៣នេះ បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាយ៉ាងផុលផុស ទៅលើគោលការណ៍គន្លឹះ និងគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១-ជួយដល់ប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ ស្វែងយល់ពីសារៈសំខាន់នៃការប្រមូលទិន្នន័យស្ថិតិទេសចរណ៍ឲ្យមានលក្ខណៈរួមគ្នា
២-ជំរុញឲ្យប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ កែតម្រូវទៅលើដំណើរការរៀបចំស្ថិតិទេសចរណ៍តាមប្រទេសនីមួយ និងទំរង់បែបបទសម្រាប់ការធ្វើរបាយការណ៍
៣-គាំទ្រដល់ការជ្រើសរើស និងបង្កើតទំរង់ស្ថិតិទេសចរណ៍រួមគ្នា (Dashboard) ដើម្បីវាស់ស្ទង់ពីការអនុវត្តជាក់ស្តែងក្នុងវិស័យទេសចរណ៍នៃប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ
៤-ពិភាក្សាអំពីជម្រើសសម្រាប់ការផ្តល់មូលនិធិគាំទ្រដល់គម្រោងស្ថិតិទេសចរណ៍រួមគ្នា។ កិច្ចការនេះនឹងលើកទៅពិភាក្សាជាមួយប្រទេសជាមាជិកក្នុងមហាអនុតំបន់មេគង្គបន្ថែមទៀត ក្នុងកិច្ចប្រជុំក្រុមការងារទេសចរណ៍លើកទី៤៤ ដែលប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ៕