រដ្ឋមន្ត្រីទេសចរណ៍ ព្រមានផាកពិន័យលើម្ចាស់ភោជនីយដ្ឋានណាមិនព្រមដាក់ Menu ឱ្យភ្ញៀវមើល និងបញ្ជាមន្ត្រីចុះពិនិត្យឱ្យបានមុនចូលឆ្នាំខ្មែរ

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានព្រមានយ៉ាងដាច់អហង្កាថា ត្រូវតែចាត់វិធានការតឹងតែងចំពោះមូលដ្ឋានអាជីវកម្មទេសចរណ៍ ក៏ដូចជាភោជនីយដ្ឋាន-អាហារដ្ឋានណា ដែលនៅតែមិនព្រមបិទបង្ហាញតម្លៃទំនិញ-សេវាកម្ម ឬតារាងតម្លៃ (Menu) ហើយឯកឧត្តមបានបញ្ជាឲ្យមន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យ និងបញ្ជ្រាបបញ្ហានេះដល់អាជីវករ និងប្រតិបត្តិករទេសចរណ៍ ឲ្យបានមុនឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ។

ការថ្លែងយ៉ាងម៉ឺងម៉ាត់បែបនេះ ត្រូវធ្វើឡើងក្នុងឱកាសបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ ត្រីមាសទី១ ឆ្នាំ២០១៩ និងទិសដៅអនុវត្តបន្តត្រីមាសទី២ ឆមាសទី២ ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងទេសចរណ៍ នាល្ងាចថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩។


ក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រីបានបញ្ជាឱ្យមន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវទប់ស្កាត់ការឡើងថ្លៃហួសហេតុពេកក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដោយត្រូវបញ្ជ្រាបឱ្យម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងនោះ ដាក់បង្ហាញតារាងតម្លៃលើមុខទំនិញ-សេវាកម្មរបស់ខ្លួនឲ្យបានត្រឹមត្រូវ និងអាចទទួលយកបាន។


ឯកឧត្តមបានបញ្ជាក់ថា «យើងមិនអាចកំណត់ថ្លៃជំនួសម្ចាស់អាជីវកម្មទាំងនោះបានទេ យើងផាកតែអ្នកណាអត់សរសេរតម្លៃ មានន័យថា យើងអត់ផាករឿងឡើងថ្លៃ ឬមិនឡើងថ្លែនោះទេ បើគេសរសេរហើយ អាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញត្រូវចុះត្រួតពិនិត្យមើលថា តម្លៃដែលគេសរសេរនោះត្រឹមត្រូវ ឬក៏អត់ ហើយបើសមស្របហើយ យើងទទួលស្គាល់ឲ្យគេដាក់ទៅ»។


ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានបង្ហាញការជឿជាក់ថា ការធ្វើបែបនេះយូរៗទៅប្រាកដជាជំរុញឲ្យអាជីវករទាំងនោះភ្ញាក់រឭក និងងាកមកអនុវត្តត្រឹមត្រូវវិញ ពីព្រោះការប្រកបអាជីវកម្មរបស់ពួកគេមិនមែនតែមួយថ្ងៃពីរថ្ងៃឯណា ពោលគឺពួកគេនៅប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ ហើយពួកគេក៏ត្រូវការភ្ញៀវចូលច្រើនដែរ តែបើថ្លៃហួសហេតុពេក ភ្ញៀវមិនអាចទទួលយកបាន គេក៏ឈប់ចូលដែរ។


រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានដាស់តឿនជាថ្មីដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត និងមន្ត្រីមានសមត្ថកិច្ច ត្រូវយកចិត្តទុកលើបញ្ហាសំរាម និងបរិស្ថានក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ពិសេសត្រូវខិតខំពង្រឹងយុទ្ធនាការ «គ្មានសំរាមក្រោមតុនៅតាមភោជនីយដ្ឋាន-អាហារដ្ឋាន» ឲ្យបានផុសផុល និងត្រូវទប់ស្កាត់ការចោលសំរាមតាមទីសាធារណៈឲ្យមានប្រសិទ្ធភាព៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.