រដ្ឋមន្ត្រី ថោង ខុន ប្រគល់ឧបករណ៍វាស់កម្ដៅដល់មេភូមិទាំង ១៨៨ ក្នុងស្រុកបារាយណ៍ និងតាំងគោក និងឡាំប្រឺតា ២គ្រឿង សម្រាប់យុទ្ធនាការប្រយុទ្ធជំងឺ COVID-19
យុទ្ធនាការប្រយុទ្ធជំងឺ COVID-19
(កំពង់ធំ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារបក្សចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក ខេត្តកំពង់ធំ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០នេះ បាននាំយកសម្ភារបរិក្ខាវេជ្ជសាស្ត្រជាច្រើនទៅចែកជូនអាជ្ញាធរស្រុក ឃុំ ភូមិ និងមន្ទីរពេទ្យនៅក្នុងស្រុកទាំងពីរខាងលើ ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ និងទប់ស្កាត់ជំងឺ Covid-19 នៅតាមមូលដ្ឋាន។
សម្ភារបរិក្ខាទាំងនេះរួមមាន៖ ឧបករណ៍ស្ទង់កម្ដៅចំនួន ២០០ឈុត តម្លៃសរុបប្រមាណ ១២,០០០ដុល្លារ និងឡាំប្រឺតាចំនួន ២គ្រឿង (តម្លៃសរុបប្រមាណ ៨០០០ដុល្លារ) ប្រគល់ជូនរដ្ឋបាលស្រុកបារាយណ៍ ១គ្រឿង និងរដ្ឋបាលស្រុកតាំងគោក ១គ្រឿង សម្រាប់ជាមធ្យោបាយចល័តចាក់មេក្រូឃោសនាផ្សព្វផ្សាយពីវិធានការនានារបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា នៅតាមមូលដ្ឋានប្រជាពលរដ្ឋ។ ក្រៅពីនោះក៏មានឧបករណ៍វាស់កម្ដៅ ទឹកអាល់កុល ថវិកា ស្ទិកឃ័រអប់រំផ្សព្វផ្សាយបង្ការការឆ្លងជំងឺ Covid-19 ដែលជាអំណោយរបស់សមាជិកក្រុមការងារផ្សេងទៀតផងដែរ។
ជាមួយនឹងការប្រគល់សម្ភារបរិក្ខាទាំងនេះ លោករដ្ឋមន្ត្រី ថោង ខុន ព្រមទាំងលោក ញ៉ែម ពីង ដែលជាប្រធានការិយាល័យសុខាភិបាលស្រុក ក៏បានណែនាំអប់រំពីការប្រើប្រាស់ឧបករណ៍ និងវិធីសាស្ត្រពាក់ព័ន្ធនឹងការបង្ការ ទប់ស្កាត់ និងទប់ស្កាត់ជំងឺ Covid-19 ក៏បានប្រកាសផ្សព្វផ្សាយបន្ថែមពីការប្រើប្រាស់ឧបករណ៍វាស់កម្ដៅ និងសារអប់រំមួយចំនួនទៀតផងដែរ។
ចំពោះប្រជាពលរដ្ឋដែលជាពលករមកពីក្រៅប្រទេស ពិសេសពីប្រទេសថៃ ត្រូវបានលោករដ្ឋមន្ត្រី ថោង ខុន បានក្រើនរំឭកដល់អាជ្ញាធរស្រុក មេឃុំ មេភូមិ ប្រជាការពារ យុវជនតាមភូមិឱ្យត្រូវរួមគ្នាចុះទៅណែនាំឱ្យពួកគាត់អនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល ដែលតម្រូវឱ្យពួកគេទាំងនោះស្នាក់នៅដាច់ដោយឡែកពីក្រុមគ្រួសារ និងប្រជាពលរដ្ឋដទៃចំនួន ១៤ថ្ងៃ ដើម្បីតាមដានពីអាការសុខភាពរបស់សាមីខ្លួន។
លោក ថោង ខុន បានក្រើនរំឭកពិសេសដល់មេភូមិផ្ទាល់ឱ្យត្រូវចុះសួរនាំតាមដានពីសុខភាព និងស្ទង់កម្ដៅរបស់ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះក្នុងភូមិរបស់ខ្លួន ពិសេសដល់ប្រជាពលរដ្ឋដែលត្រូវដាក់ឱ្យនៅដាច់ដោយឡែក ១៤ថ្ងៃ ហើយប្រសិនបើមានអ្វីសង្ស័យ ឬមានពលរដ្ឋណាម្នាក់មានអាការក្ដៅខ្លួន ត្រូវកត់ត្រា និងរាយការណ៍ទៅមណ្ឌលសុខភាពឃុំភ្លាម ដើម្បីឱ្យមន្ត្រីសុខាភិបាលចាត់វិធានការភ្លាមៗផងដែរ។
តាមការរាយការណ៍របស់លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងលោក អួង សារឿន អភិបាលស្រុកបារាយណ៍ បានបង្ហាញថា អាជ្ញាធរស្រុកទាំងពីរនៅតែបន្តអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាលបានយ៉ាងសស្រាក់សស្រាំ ក្នុងនោះមានការតាមដានសុខភាពរបស់ប្រជាពលរដ្ឋជាប្រចាំ ការប្រមូលស្ថិតិ និងគ្រប់គ្រងស្ថានភាពចលនារបស់ពលករមកពីប្រទេសថៃ ពិសេសបានជំរុញឱ្យពួកគេចូលរួមអនុវត្តតាមវិធានការនានា ការចាក់មេក្រូផ្សព្វផ្សាយពីវិធានការទាំងចាក់ម៉ូតូចល័ត និងចាក់នៅមូលដ្ឋានណាដែលមានប្រជាពលរដ្ឋរស់នៅ និងទិញដូរច្រើន។ មកដល់ពេលនេះ មិនទាន់មានករណីឆ្លងជំងឺ Covid-19 នៅក្នុងស្រុកទាំងពីរនេះនៅឡើយទេ៕