កម្ពុជាចែលរំលែកបទពិសោធន៍នៃការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (MRA) ជូនដល់ប្រតិភូខេត្តចំប៉ាសាក់ ប្រទេសឡាវ
កម្ពុជាចែលរំលែកបទពិសោធន៍នៃការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (MRA) ជូនដល់ប្រតិភូខេត្តចំប៉ាសាក់ ប្រទេសឡាវ
(ភ្នំពេញ)៖ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ទ្រី ឈីវ ទីប្រឹក្សាក្រសួង និងជាប្រធានលេខាធិការជាតិអ្នកជំនាញទេសចរណ៍ បានទទួលស្វាគមន៍គណៈប្រតិភូមកពីខេត្តចំប៉ាសាក់ ប្រទេសឡាវ និងអង្គការស្វីសខន់ថាក់ ប្រចាំកម្ពុជា ដើម្បីចែករំលែកបទពិសោធន៍នៃការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍ (MRA-TP) នៅកម្ពុជា ។
មន្ត្រីបច្ចេកទេសនៃលេខាធិការដ្ឋាន គ.ជ.អ.ទ. បានធ្វើបទបង្ហាញចែករំលែកការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ឆ្នាំ២០១៧-២០២៥ និងភាពជឿនលឿននៃការអនុវត្ត MRA – TP របស់កម្ពុជា ជូនដល់ភាគីឡាវ។
គណៈប្រតិភូឡាវបានចូលរួមអបអរសាទរដល់កម្ពុជា សម្រាប់ភាពឈានមុខលើការអនុវត្ត MRA-TP ខាងលើ និងបានលើកឡើងអំពីបញ្ហាប្រឈមនៃការអភិវឌ្ឍជំនាញវិជ្ជាជីវៈទេសចរណ៍ដល់សិស្ស-និស្សិត បុគ្គលិកកំពុងបម្រើការងារ នៅក្នុងខេត្តចំប៉ាសាក់ ប្រទេសឡាវ ជាពិសេសលើការអនុវត្តកិច្ចព្រមព្រៀង MRA នៅមានកម្រិតនៅឡើយ។
ឆ្លើយតបនឹងបញ្ហាប្រឈមរបស់ភាគីឡាវ ឯកឧត្តម ទ្រី ឈីវ បានបន្តចែករំលែកបទពិសោធន៍លើការរៀបចំចងក្រងឯកសារគតិយុត្ត យន្តការទ្រទ្រង់ និងការអនុវត្តផែនការយុទ្ធសាស្ត្រនានា សំដៅទ្រទ្រង់ដល់ការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍នៅកម្ពុជា និងយន្តការទ្រទ្រង់ដល់ការអនុវត្តកិច្ចព្រមព្រៀង MRA អោយកាន់តែប្រសើរឡើងថែមទៀត៕