ក្រសួងទេសចរណ៍បានរៀបចំ “សន្និបាតបូកសរុបការងារទេសចរណ៍ផ្ទៃក្នុងរយៈពេល ៩ខែដើមឆ្នាំ២០២១ និងទិសដៅអនុវត្តបន្ត” តាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីរដ្ឋបាលរាជធានី-ខេត្ត និងមន្ទីរទេសចរណ៍រាជធានី-ខេត្តទាំង២៥
នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងទេសចរណ៍បានរៀបចំ “សន្និបាតបូកសរុបការងារទេសចរណ៍ផ្ទៃក្នុងរយៈពេល ៩ខែដើមឆ្នាំ២០២១ និងទិសដៅអនុវត្តបន្ត” តាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីរដ្ឋបាលរាជធានី-ខេត្ត និងមន្ទីរទេសចរណ៍រាជធានី-ខេត្តទាំង២៥ វិស័យឯកជន និងភាគីពាក់ព័ន្ធក្នុងគោលបំណងធ្វើការត្រួតពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារទេសចរណ៍ផ្ទៃក្នុងដែលបានអនុវត្តរយៈពេល ៩ខែដើមឆ្នាំ២០២១ និងស្របពេលដាក់ចេញនូវទិសដៅអនុវត្តការងារបន្ត ដើម្បីជំរុញ និងស្តារវិស័យទេសចរណ៍ផ្ទៃក្នុងឡើងវិញ ពិសេសជំរុញការបើកដំណើរការមូលដ្ឋានអាជីវកម្មទេសចរណ៍ និងគោលដៅទេសចរណ៍ស្របតាម គន្លងប្រក្រតីភាពថ្មី (New Normal) និងអនុឡោមតាមវិធានសុវត្ថិភាព និង នីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់មូលដ្ឋានអាជីវកម្ម និងគោលដៅទេសចរណ៍។
ជាលទ្ធផល អង្គសន្និបាតបានឯកភាពជារួមលើការដាក់ចេញទិសដៅអនុវត្តបន្ត ដោយក្នុងនោះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍៍ ក៏បានសង្កត់ធ្ងន់ និងស្នើគ្រប់មន្ទីរទេសចរណ៍រាជធានី-ខេត្តដែលជាសេនាធិកាឱ្យគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍រាជធានី-ខេត្តត្រូវចូលរួមវាយតម្លៃរាជធានី-ខេត្ត និងគោលដៅទេសចរណ៍ដើម្បីបើកទទួលភ្ញៀវទេសចរប្រកបដោយសុវត្ថិភាពតាមរយៈការវាយតម្លៃលើសូចនាករសមិទ្ធកម្មចំនួន ៤គឺ៖
១).អត្រានៃការចាក់វ៉ាក់សាំងសំដៅបង្កើតភាពស៊ាំសហគមន៍
២).អត្រានៃការរីករាលដាលជំងឺកូវីដ-១៩
៣). សមត្ថភាពឆ្លើយតប និងព្យាបាល និងការគ្រប់គ្រងហានិភ័យដែលអាចកើតមានពីវីរុសបំប្លែងថ្មី
៤). ការត្រៀមខ្លួនរបស់ឧស្សាហកម្មទេសចរណ៍។
ជាមួយគ្នានេះដែរ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍ ក៏បានបញ្ជាក់ឱ្យដឹងផងដែរថា ជាមួយកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញចលនាទេសចរណ៍ក្នុងស្រុកនេះ ត្រូវបានចាត់ទុកថាជា បុរេលក្ខខណ្ឌដ៏មានសារៈសំខាន់មួយសម្រាប់ការត្រៀមបើកការទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញស្របតាម “ផែនការយុទ្ធសាស្ត្រស្តីពីការបើកទទួលទេសចរណ៍សុវត្ថិភាព”។ ឯកឧត្តមបានបញ្ជាក់ទៀតថា អ្វីទាំងអស់ត្រូវយកចិត្តទុកដាក់សហការរួមគ្នា អនុវត្តន៍អោយបានល្អ ដើម្បីបំរើប្រជាពលរដ្ឋក្នុងឱកាសរដូវភ្ជុំបិណ្ឌនាពេលខាងមុខនេះផងដែរ។និងត្រូវខិតខំសំរេចអោយបានតាមគោលដៅដូចដែលបានចង្អុលឡើងក្នុង ផែនទីចង្អុលផ្លូវ គីត្រូវសំរេចអោយបានចំនួនទេសចរក្នុងស្រុក ប្រមាណ ១១ លាននៅឆ្នាំ២០២៣។