ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ចុះជួបសំណេះសំណាលជាមួយ ប្រជាសហគមន៍អេកូទេសចរណ៍ ផាត់សណ្តាយ នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
(កំពង់ធំ)៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារ ដោយមានការចូលរួមពីអភិបាលរងខេត្តកំពង់ធំ អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា រួមទាំងមន្ត្រីជំនាញរបស់ក្រសួងទេសចរណ៍ និងវិស័យឯកជនចុះជួបសំណេះសំណាលជាមួយប្រជាសហគមន៍អេកូទេសចរណ៍ផាត់សណ្តាយ ក្នុងភូមិសាស្រ្តឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្នុងគោលបំណងដើម្បីជួយជំរុញ និងរៀបចំតំបន់អេកូទេសចរណ៍បែបធម្មជាតិមួយនេះ ឱ្យកាន់តែមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិបន្ថែមទៀត។
ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ជូនដល់ប្រជាសហគមន៍អេកូទេសចរណ៍ផាត់សណ្តាយទាំងអស់ និងបានអះអាងថា សម្តេចទាំងទ្វេតែងតែនឹករលឹក និងគិតគូរជានិច្ចដល់ប្រជាពលរដ្ឋ ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ជួបប្រទះ នូវបញ្ហាដោយមិនមានការគិតគូរ និងយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំនោះឡើយ។
ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ក៏បានជម្រាបជូនដល់ប្រជាសហគមន៍ទៀតថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ និងក្រោមនយោបាយឈ្នះឈ្នះ របស់គណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យប្រទេសមានការរីកចម្រើនជាបន្តបន្ទាប់ ជៀសផុតពីសង្គ្រាម ប្រជាពលរដ្ឋមានសិទ្ធសេរីភាពពេញលេញ និងអាចប្រកបរបរចិញ្ចឹមជីវិតបានយ៉ាងងាយស្រួល រស់នៅបានយ៉ាងសុខសាន្ត មិនបារម្ភភ័យខ្លាចពីសង្គ្រាមទៀតនោះទេ។
ជាមួយនឹងភាពសុខសាន្តដោយសារប្រទេសជាតិ មានសុខសន្តិភាព ដែលជាឱកាសមួយ សម្រាប់អ្នកទេសចរទាំងជាតិ និងអន្តរជាតិមកទស្សនាកម្សាន្តនោះ លោករដ្ឋមន្ត្រីក៏បានជំរុញឱ្យប្រជាសហគមន៍ផាត់សណ្តាយ ក្រៅពីការប្រកបរបរនេសាទ ដោយស្របច្បាប់ហើយ ត្រូវខិតខំរៀបចំទីតាំងរបស់ខ្លួនឱ្យបានស្អាត និងទាក់ទាញ ដើម្បីបានផ្តល់ឱកាសឱ្យភ្ញៀវទេសចរ បានមកទស្សនាកម្សាន្ត ដែលជាផ្នែកមួយ ក្នុងការជួយបង្កើនជីវភាពបានមួយផ្នែកទៀតផងដែរ។
ដើម្បីឱ្យសហគមន៍របស់ខ្លួន គួរជាទីទាក់ទាញដល់ភ្ញៀវទេសចរនោះ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបន្ថែមថា ក្រៅពីររៀបចំសហគមន៍របស់ខ្លួន ឱ្យបានស្អាតហើយនោះ អ្វីដែលសំខាន់នោះត្រូវខិតខំធានា ឱ្យបាននូវការអភិរក្សធានជីវៈចម្រុះ និងធនធានធម្មជាតិក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានគង់វង្ស ដោយមិនត្រូវប្រកបរបរនេសាទត្រីដោយខុសច្បាស់ដែលអាចនាំឱ្យបាត់បង់ពូជត្រី ឫកាប់ព្រៃលិចទឹកដែនជម្រករបស់មច្ឆាជាតិនោះឡើយ។
បើតាមលោក យុក សេងឡុង នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល ( FACT) បានឱ្យដឹងដែរថា ថ្មីនេះអង្គការ FACT បានទទួលគម្រោងពីក្រសួងបរិស្ថានរបស់អាល្លឺម៉ង ក្នុងការជួយដល់សហគមអេកូទេសចរណ៍ផាត់សណ្តាយ ដែលមានរយៈពេល៥ឆ្នាំបន្តទៀត ដែលគិតចាប់ពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ រហូតដល់ខែកញ្ញា ឆ្នាំ២០២៧ ហើយនឹងមានគម្រោងក្នុងការជួយសាងសង់ ផ្សារអេកូទេសចរណ៍បណ្តែតទឹក ដែលតាមផែនការគ្រោងធ្វើឡើងពីអគារចំនួន៣ ជាអក្សU មាន២ជាន់។ ទន្ទឹមនឹងនេះ អង្គការ FACT ក៏បានផ្តល់ជូននូវគម្រោងជាច្រើន សម្រាប់សហគមន៍ផាត់សណ្តាយនេះ ដូចជាទឹកស្អាត ការគ្រប់គ្រងសំរាម ការបង្កើនជីវភាពប្រជាសហគមន៍តាមរយៈការបញ្ចូលសកម្មភាពអេកូទេសចរណ៍ និងការបង្កើតបណ្តាញអេកូទេសចរណ៍បឹងទន្លេសាបជាដើម។
ទន្ទឹមនឹងនេះស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ក៏បានផ្តល់ជូននូវគម្រោង ដែលមានឥទ្ធិពលលឿន (Quick Impact Project-QIP) ចំនួន៣ដល់ក្រសួងទេសចរណ៍ ក្នុងនោះពាក់ព័ន្ធសហគមន៍អេកូទេសចរណ៍ ផាត់សណ្តាយ ស្ថានទូតនឹងផ្តល់ការគាំទ្រហិរញ្ញវត្ថុប្រមាណ ៥០,០០០ ដុល្លារ សម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការទាក់ទាញទេសចរ។
ជាមួយគ្នានោះដែរក្រោយពីការស្តាប់នូវការសំណូមពរបន្ថែមរបស់ប្រជាសហគមន៍ផាត់សណ្តាយ ក៏ដូចជាអង្គការ FACT ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ក៏បានសន្យាជាមួយពលរដ្ឋនៅផាត់សណ្តាយដែរថា នឹងខិតខំជួយជម្រុញឱ្យមន្ត្រីជំនាញ និងអង្គភាពពាក់ព័ន្ធជួយបង្កេីនសេវាអ៉ីនធឺណិត ដល់សហគមន៍ ជំរុញឱ្យរដ្ឋបាលព្រៃឈេី ជួយផ្តល់ឈេីដែលទទួលបានពីបទល្មើសជាក់ស្តែង និងបានស្នើឱ្យឥណ្ឌា តាមរយៈស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ជួយសាងសង់កំពុងផែមួយនៅឃុំឆ្នុកទ្រូ ដើម្បីផ្តល់ជូនប្រជាសហគមន៍ផងដែរ។
មិនភ្លេចដែរនាឱកាសនោះឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ក៏បានលើកជាសំនួរទៅកាន់ប្រជាសហគមន៍ ពីការធ្វើអត្តសញ្ញាណប័ណ្ណឱ្យមានសុពលភាព នឹងត្រៀមសម្រាប់យកទៅប្រើប្រាស់ក្នុងថ្ងៃបោះឆ្នោត ដែលនឹងឈានដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ និងបានអំពាវនាវឱ្យប្រជាសហគមន៍ទាំងអស់ រួមគ្នាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យប្រមុខរាជរដ្ឋាភិបាលបន្តដឹកនាំប្រទេសជាមួយនឹងកត្តាសុខសន្តិភាព និងបន្តអភិវឌ្ឍន៍ឱ្យកាន់តែរីកចំរើនបន្ថែមទៀតផងដែរ។
សូមជម្រាបដែរថា នៅក្នុងឱកាសចុះជួបសំណោះសំណាលនោះដែរ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ក៏បាននាំយកអំណោយជូន ដល់ប្រជាសហគមអេកូទេសចរណ៍ផាត់សណ្តាយ ប្រមាណ២០០នាក់ ក្នុងម្នាក់ ទទួលបាន ក្រមារ១ ថ្នាំធីហ្វី ៣បន្ទះ និងថវិកា ២ម៉ឺនរៀល, ឧបត្ថម្ភថវិកាដល់សិស្សានុសិស្សប្រមាណ ៨០នាក់ ក្នុងម្នាក់ ១ម៉ឺនរៀល ឧបត្ថម្ភសាលាឃុំផាត់សណ្តាយ ១លានរៀលផងដែរ៕