គណៈកម្មការទី៧ នៃរដ្ឋសភា គាំទ្រចំពោះផែនទីចង្អុលផ្លូវ Roadmap) ក្នុងការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍ក្រោយវិបត្តិជំងឺឆ្លងកូវីដ-១៩ (Post-COVID-19)
(ភ្នំពេញ)៖ ក្នុងជំនួបកិច្ចប្រជុំរវាងគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា (គណៈកម្មការទី៧) និងក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ នៅវិមានរដ្ឋសភាឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ បានគាំទ្រចំពោះផែនទីចង្អុលផ្លូវ Roadmap) ក្នុងការស្ដារ និងលើកស្ទួយវិស័យទេសចណ៍ក្រោយវិបត្តិជំងឺឆ្លងកូវីដ-១៩ (Post-COVID-19)។
ឯកឧត្តម ថោង ខុន បានលើកឡើងជូនអង្គប្រជុំអំពីការងារសំខាន់ៗជាអាទិភាពដែលក្រសួងត្រូវអនុវត្តក្នុងដំណាក់កាលវិបត្តិ និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដែលរួមមាន៖ ការបង្កើនភាពជឿជាក់ និងទុកចិត្ត (Building Trust & Confidence) ការផ្តល់តម្លៃសមរម្យ (Right Price) ការរៀបចំកញ្ចប់ទស្សនកិច្ចពិសេស (Green Travel Bubble) និងការសម្រួលបែបបទនៃការធ្វើដំណើរ (Travel Facilitation) ។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់អំពីការជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ពិសេសក្នុងថ្ងៃឈប់សម្រាករយៈពេលវែងខាងមុននេះ ដោយក្រសួងបានដាក់ឲ្យអនុវត្តនូវវិធានសុវត្ថិភាពទេសចរណ៍ចំនួន ០៧ប្រភេទសេវាកម្ម សំដៅធានាការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដផង និងផ្តល់សេវាកម្មដល់ទេសចរជាតិ និងទេសចរបរទេស ដែលនឹងទៅទស្សនាកម្សាន្តតាមរមណីយដ្ឋានទេសចរណ៍នានាទូទាំងប្រទេស ប្រកបដោយសុវត្ថិភាព គុណភាព តម្លៃសមរម្យ មានសណ្តាប់ធ្នាប់ អនាម័យ បរិស្ថានល្អ ក្នុងនោះត្រូវអនុវត្តឲ្យបានមុឺងម៉ាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវពាក់ម៉ាស់ លាងសំអាតដៃ និងរក្សាគម្លាតសង្គម។
គណៈកម្មការទី៧ នៃរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ឯកឧត្តម ថោង ខុន និងមន្ត្រីរាជការក្នុងគ្រាលំបាកនៃកូវីដ១៩ ដោយសម្រេចបាននូវសមិទ្ធផល និងវឌ្ឍនភាពជាច្រើនក្នុងវិស័យទេសចរណ៍នាពេលកន្លងមក ព្រមទាំងបានដាក់ចេញនូវចក្ខុវិស័យ យុទ្ធសាស្ត និងផែនទីបង្ហាញផ្លូវដ៏ត្រឹមត្រូវ ច្បាស់លាស់ ដើម្បីជំរុញលើកស្ទួយវិស័យទេសចរណ៍កម្ពុជាឲ្យងើបឡើងវិញ។
គណៈកម្មការជំនាញនៃរដ្ឋសភា ក៏បានស្វែងយល់ពីបញ្ហាប្រឈមដែលក្រសួងទេសចរណ៍បាន និងកំពុងជួបប្រទះ ហើយបានផ្តល់អនុសាសន៍ជាធាតុចូលបន្ថែម និងផ្តល់ការគាំទ្រដល់ក្រសួងក្នុងជំរុញការអនុវត្តគោលដៅយុទ្ធសាស្ត្រទាំងបួន ការៀបចំផែនទីចង្អុលផ្លូវ (Road Map) ដែលមានលក្ខណៈវិទ្យាសាស្ត្រ និងការសិក្សាលើគោលការណ៍ «Travel Bubble» ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រទេស ក្នុងគោលដៅជំរុញចលនាទេសចរណ៍។
ឯកឧត្តម ហ៊ុន ម៉ានី ក៏បានលើកទឹកចិត្តឱ្យក្រសួងបន្តបេសកកម្មរបស់ខ្លួន ផ្អែកលើស្ថានភាពជាក់ស្តែងរបស់ប្រទេស ដោយផ្តោតការគិតគូរលើកត្តាសំខាន់បីក្នុងនោះរួមមាន៖ កត្តាចក្ខុវិស័យ និងយុទ្ធសាស្ត្រ កត្តាបច្ចេកទេស និងកត្តាមហាជន (សាធារណមតិ)។ ឯកឧត្តម ក៏បានសង្កត់ធ្ងន់ដែរថា ក្នុងដំណាក់វិបត្តិកូវីដ១៩នេះ ការកសាង បង្កើនទំនុកចិត្តដល់ភ្ញៀវទេសចរ មិនថាក្នុងស្រុក ឬភ្ញៀវអន្តរជាតិ ពិតជាមានសារសំខាន់បំផុត ស្របពេលនឹងការខិតខំបន្តបង្កើនកិច្ចសហប្រតិបត្តិការជាលក្ខណៈស៊ីសង្វាក់ទាំងក្របខណ្ឌជាតិ និងអន្តរជាតិ និងការផ្សព្វផ្សាយបង្ហាញថា កម្ពុជាជាប្រទេសដែលពោរពេញដោយសុខសុវត្ថិភាព និងភាពកក់ក្តៅក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរ៕