អាស៊ានឯកភាពគ្នារៀបចំព្រឹត្តិការណ៍ស៉ីហ្គេម ២០២៣ នៅកម្ពុជា ឱ្យក្លាយជាយុទ្ធនាការទាក់ទាញទេសចរអន្តរជាតិ មកអាស៊ានឡើងវិញ
(ភ្នំពេញ)៖ ប្រទេសសមាជិកអាស៊ានទាំង ១០ បានឯកភាពគ្នាយ៉ាងម៉ឺងម៉ាត់ ក្នុងការសហការរៀបចំព្រឹត្តិការណ៍កីឡាស៉ីហ្គេម ឆ្នាំ២០២៣ ឱ្យក្លាយជាយុទ្ធនាការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ឱ្យមកទស្សនានៅក្នុងតំបន់អាស៊ានឡើងវិញ ក្រោយមានការធ្លាក់ចុះដោយសារវិបត្តិជំងឺកូវីដ-១៩ ចូលមករំខានដល់ការធ្វើដំណើររបស់ភ្ញៀវអន្តរជាតិចូលមកក្នុងតំបន់នេះ។
ការឯកភាពគ្នានេះធ្វើឡើងក្នុងកិច្ចប្រជុំស្ថាប័នទេសចរណ៍ជាតិអាស៊ានលើកទី៥៤ តាមប្រព័ន្ធអនឡាញ នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ ដឹកនាំដោយកម្ពុជា។
នាឱកាសនោះដែរ តំណាងប្រទេសសមាជិកអាស៊ានបានដាក់ចេញនូវគំនិតផ្តួចផ្តើម និងផែនការស្តារវិស័យទេសចរណ៍អាស៊ាននៅពេលខាងមុខ ជាពិសេសបានសម្រេចរៀបចំសកម្មភាពផ្សព្វផ្សាយទេសចរណ៍អាស៊ាន ដោយយកព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៣ (SEA Game 2023) ជាព្រឹត្តិការណ៍ទាក់ទាញទេសចរអន្តរជាតិមកទស្សនាតំបន់របស់ខ្លួន។
ក្រសួងទេសចរណ៍កម្ពុជាបានបញ្ជាក់ថា ការរៀបចំផែនការផ្សព្វផ្សាយនេះនឹងពិភាក្សាលម្អិតក្នុងកម្រិតគណៈកម្មាការទេសចរណ៍អាស៊ាន។
ស្របនឹងគំនិតផ្តួចផ្តើមនេះ អាស៊ានក៏បានឯកភាពលើការដាក់ឲ្យអនុវត្តនៅពេលខាងមុខនូវផែនការស្តារវិស័យទេសចរណ៍អាស៊ាន អមដោយការរៀបចំគោលការណ៍អាស៊ានរួមស្តីពី អនាម័យ និងសុវត្ថិភាពដែលនឹងដាក់ឲ្យប្រើប្រាស់ក្នុងឆ្នាំ២០២១នេះ។
លើសពីនេះទៀត អាស៊ានក៏បានឯកភាពដាក់ចុះកម្មវិធីស្តារវិស័យទេសចរណ៍ផ្ទៃក្នុង (Intra-ASEAN Travel Program) អាស៊ានដែលនឹងត្រូវអនុវត្តនៅពេលខាងមុខ។
សូមរំលឹកថា ប្រទេសសមាជិកអាស៊ានទាំងអស់ រួមទាំងកម្ពុជាផងដែរ បាននិងកំពុងរៀបចំបើកទទួលឡើងវិញនូវវិស័យទេសចរណ៍អន្តរជាតិរបស់ខ្លួន៕