វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៊ីណូហ្វាម (Sinopharm Vaccine) ១លានដូសទៀត បានដឹកពីប្រទេសចិន មកដល់កម្ពុជាហើយ
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm Vaccine) របស់ចិន ចំនួន ១លានដូសបន្ថែមទៀត ដែល ជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាល បានដឹកមកដល់កម្ពុជាយើងទៀតហើយ។
វ៉ាក់សាំង ពិតជាមានសារសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩។ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានកំណត់ការចាក់វ៉ាក់សាំង ជាផែនការយុទ្ធសាស្ត្រក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ តាមរយៈផែនការយុទ្ធសាស្ត្រនេះ កម្ពុជាបានប្រឹងប្រែងគ្រប់វិធីក្នុងការរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ ហើយមកដល់ពេលនេះកម្ពុជាទទួលបានវ៉ាក់សាំងសរុបជាង១៦លានដូសហើយ។ នៅក្នុងខែសីហា ខាងមុខនេះ វ៉ាក់សាំង ៤លានដូសទៀត ក៏នឹងដឹកពីចិន មកដល់កម្ពុជាផងដែរ។
វ៉ាក់សាំង ដែលកម្ពុជាទទួលបាន គឺជាការសម្រេចផែនការរបស់កម្ពុជា ដែលរកវ៉ាក់សាំងឱ្យបាន ២០លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ១០លាននាក់។ គិតត្រឹមថ្ងៃទី២០ ខែកក្កដា កម្ពុជាសម្រេចបាននូវការ ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋជាង ៦លាននាក់រួចហើយ ដែលស្មើនឹងប្រមាណជា ៦៣.៣៤% ធៀបនឹងគោលដៅចំនួន ១០លាននាក់៕