ការពង្រឹងគុណភាពអាជីវកម្មសេវាកម្មទេសចរណ៍ឆ្ពោះទៅស្វាគមន៍ព្រឹត្តិការណ៍ SEA Games 2023 និងយុទ្ធនាការ "ឆ្នាំទស្សនាកម្ពុជា ២០២៣"
ខេត្តព្រះសីហនុ៖ នៅព្រឹក ថ្ងៃអង្គារ ១៣កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម គឹម សេរីរដ្ឋ អគ្គលេខាធិការរងនៃគ.ជ.វ.ទ និងជាប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្មស្នាក់នៅទេសចរណ៍ និងម្ហូបអាហារ បានដឹកនាំវគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ និងអាជីវកម្មលក់ម្ហូបអាហារតាមដងផ្លូវ (Street Food Vendor) ឆ្ពោះទៅស្វាគមន៍ព្រឹត្តិការណ៍ SEA Games 2023 និងយុទ្ធនាការ "ឆ្នាំទស្សនាកម្ពុជា ២០២៣" ដោយមានការចូលរួមពីរដ្ឋបាលខេត្តព្រះសីហនុ និងមន្ទីរទេសចរណ៍ខេត្ត អង្គភាពពាក់ព័ន្ធ ប្រតិបត្តិករទេសចរណ៍ និងអ្នកលក់ដូរ តាមដងផ្លូវ ក្នុងខេត្តព្រះសីហនុ។
ក្នុងឱកាសកម្មវិធីបណ្ដុះបណ្ដាល ឯកឧត្តម គឹម សេរីរដ្ឋ បានស្នើដល់ប្រតិបត្តិករទេសចរណ៍ និងអ្នកលក់ដូរតាមដងផ្លូវ ដូចតទៅ៖
- រៀបចំសោភ័ណភាពអាជីវកម្មរបស់ខ្លួន ដោយឆ្លុះបង្ហាញពីលក្ខណៈវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ
- ចូលរួមរក្សានូវសណ្តាប់ធ្នាប់ យកចិត្តទុកដាក់ខ្ពស់លើអនាម័យម្ហូបអាហារដែលដាក់លក់ដូរជាប្រចាំ ក៏ដូចជាសម្រាប់ព្រឹត្តិការណ៍ SEA Games 2023 នេះ
- មានដាក់តាំងបញ្ជីរាយនាមសេវាកម្មជា ០៣ភាសា រួមមាន ភាសាខ្មែរ ភាសាអង់គ្លេស និងភាសាទីបីណាមួយ និងស្របតាមខ្លឹមសារប្រកាស លេខ ០៥២ ប្រក. ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ របស់ក្រសួងទេសចរណ៍
- ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មទេសចរណ៍ មិនត្រូវតម្លើងថ្លៃសេវាកម្មរបស់ខ្លួន ឬដោយពុំមានហេតុផលច្បាស់លាស់
- និងចូលរួមអនុវត្តតាមសារាចរណែនាំលេខ ០០៥ ស្ដីពីការពង្រឹងគុណសេវាកម្មទេសចរណ៍ បដិសណ្ឋារកិច្ចល្អ ដើម្បីអបអរការរៀបចំព្រឹត្តិការណ៍កីទ្បាអាស៊ីអាគ្នេយ៍លើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) នៅព្រះរាជាណាចក្រកម្ពុជា។
សម្រាប់ការបណ្ដុះបណ្ដាលនេះ ឯកឧត្តមអធិបតី បានចែកជូនអាវក្រណាត់សម្រាប់ពាក់ការពារនិងរក្សាអនាម័យពេលចម្អិនម្ហូបដល់អ្នកលក់ដូរតាមដងផ្លូវដែលបានចូលរួមវគ្គបណ្តុះបណ្តាល និងជូនទៅមន្ទីរទេសចរណ៍ខេត្តសម្រាប់ចែកជូនបន្ដ ចំនួន ២៥០ អាវ។