ទីក្រុងសំខាន់ៗរបស់ប្រទេសកម្ពុជាត្រូវត្រូវបានវាយតម្លៃចូលជាសមាជិកអង្គការផ្សព្វផ្សាយទេសចរណ៍សម្រាប់បណ្ដាទីក្រុងនៅអាស៊ីប៉ាស៊ីហ្វិក
ទីក្រុងសំខាន់ៗរបស់កម្ពុជា រួមមានទីក្រុងភ្នំពេញ ព្រះសីហនុ ខេត្តសៀមរាប និងក្រុងបាត់ដំបង ត្រូវបានពិចារណា និងវាយតម្លៃដើម្បីក្លាយជាសមាជិកនៃអង្គការផ្សព្វផ្សាយទេសចរណ៍សម្រាប់បណ្តាទីក្រុងអាស៊ីប៉ាស៊ីហ្វិក (Tourism Promotion Organisation for Asian-Pacific Cities-TPO)។
ព័ត៌មាននេះត្រូវបានចែករំលែកដោយលោក WOO Kyoung-ha អគ្គលេខាធិការនៃអង្គការផ្សព្វផ្សាយទេសចរណ៍សម្រាប់បណ្តាទីក្រុងអាស៊ីប៉ាស៊ីហ្វិក ក្នុងជំនួបនាពេលថ្មីៗនេះជាមួយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៅក្នុងរាជធានីភ្នំពេញ។
លោក Kyoung-ha បានកោតសរសើរចំពោះការគ្រប់គ្រង និងការអភិវឌ្ឍន៍ទីក្រុងរបស់ប្រទេសកម្ពុជា ជាពិសេសរាជធានីភ្នំពេញ ក្រុងព្រះសីហនុ ក្រុងសៀមរាប និង ក្រុងបាត់ដំបង ហើយនៅពេលដែលទីក្រុងទាំងនេះក្លាយជាសមាជិកនៃអង្គការ TPO ពួកគេនឹងត្រូវបានគេស្គាល់កាន់តែទូលំទូលាយ។
TPO នឹងអញ្ជើញតំណាងរដ្ឋបាលក្រុងកម្ពុជាឱ្យចូលរួមមហាសន្និបាតរបស់ TPO នៅខែវិច្ឆិកា ឆ្នាំ ២០២៣ នៅទីក្រុង Gyeongju នៃសាធារណរដ្ឋកូរ៉េ ក្នុងនាមជាបេក្ខភាពសង្កេតការណ៍ទីក្រុង។
ប្រសិនបើទីក្រុងនានាក្នុងប្រទេសកម្ពុជាបំពេញតាមលក្ខខណ្ឌតម្រូវទាំងអស់នោះ ពួកគេនឹងក្លាយជាសមាជិកពេញសិទ្ធិនៃអង្គការ TPO ។
យោងតាមលោក WOO Kyoung-ha ទីក្រុងមួយចំនួនក្នុងបណ្តាប្រទេសអាស៊ានរួមមានប្រទេសឡាវ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន និងទីម័រខាងកើតឥឡូវនេះជាសមាជិកនៃអង្គការ TPO ។ AKP-លឹម ណារី