អង្គការទេសចរណ៍ពិភពលោក (UNWTO) គាំទ្រ និងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំសន្និសីទអន្តរជាតិដ៏ធំមួយស្តីពីអរិយធម៌ពិភពលោក និងខ្សែទស្សកិច្ចប្រវត្តិសាស្ត្រ នៅចុងឆ្នាំ២០២១ នៅកម្ពុជា
អេស្បាញ (ម៉ាឌ្រីដ)៖ ឯកឧត្ដម Zurab Pololikashvili អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក(UNWTO)បានសំដែងការរីករាយនិង ត្រៀមកិច្ចសហការអោយបានល្អយ៉ាងជិតស្និទ្ ធជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំ ព្រឹត្តិការណ៍និងសន្និសីទទេស ចរណ៍ពិភពលោកធំៗ នៅកម្ពុជានាពេលខាងមុខ ពិសេសការរៀបចំសន្និសីទអន្តរជាតិស្ដីពីអរិយធម៌ពិភពលោក និងខ្សែទស្សនកិច្ចប្រវត្តិសាស្ត្រ នៅចុងឆ្នាំ២០២១។
ការលើកឡើងដូច្នេះ របស់ឯកឧត្ដមអគ្គលេខាធិការ អង្គការទេសចរណ៍ពិភពលោក នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តមថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៩ នៅទីស្នាក់ការអចិន្ត្រៃយ៍របស់អង្គការUNWTO ទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ពិភពលោក។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រីបានពាំនាំនូវការផ្ដាំសួរសុខទុក្ខរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ជូនឯកឧត្ដមអគ្គលេខាធិការ និងបានបញ្ជាក់ជូនអង្គការ UNWTO អំពីការគាំទ្រនិងឯកភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុញ្ញាតអោយក្រសួងទេសចរណ៍ស ហការជាមួយអង្គការ UNWTO លើគំរោងរៀបចំសន្និសីទអន្តរជាតិដ៏ធំមួយស្តីពី អរិយធម៌ពិភពលោក និងខ្សែទស្សនកិច្ចប្រ វត្តិ សាស្ត្រ នៅកម្ពុជា។
ឯកឧត្តម Zurab Pololikashvili អគ្គលេខាធិការ លោក ស៊ូ ជីង Xu Jing នាយកប្រចាំតំបន់ អាស៊ីប៉ាសីហ្វិក លោកជូ សានចុង Zhu Shangzhong អគ្គលេខាធិការរង និងសហការីទាំងអស់បានសំដែងនូវការរីករាយនិងអរគុណដ៏ធំធេងចំពោះរាជរដ្ឋាភិបាលកម្ពុជា ហើយសន្យាបន្តពិភាក្សាលំអិតជាមួយគ្រប់ភាគីពាក់ព័ន្ធ និងកម្ពុជា ក្នុងកិច្ចសហការរៀបចំព្រឹត្តិការណ៍ពិភពលោកនេះ ឲ្យ បានជោគជ័យដែលគ្រោងមានសមាជិកអន្តរជាតិចូលរួមប្រមាណ ១០០០នាក់ មកពី១០០ ប្រទេសជាសមាជិកអង្គការ UNWTO នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២១ នៅសៀមរាបអង្គរ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានជម្រាបជូន អំពីការអភិវឌ្ឍនៅកម្ពុជា ជាពិសេសការអភិវឌ្ឍវិស័យទេសចរណ៍ និងបានថ្លែង អំណរគុណដល់អង្គការ UNWTO ដែលតែងតែគាំទ្រកម្ពុជាក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ជាពិសេសកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានាក្នុងសាកលលោក ។
ឯកឧត្ដម Zurab Pololikashvili បានកោតសរសើរដល់ការអភិវឌ្ឍនៅកម្ពុជាលើគ្រប់វិស័យ ហើយឯកឧត្ដមក៏បានអបអរសាទរដល់កម្ពុជា ដែលឆ្នាំ២០១៨កន្លងទៅ បានទទួលទេសចរអន្តរជាតិរហូតដល់ ៦,២លាននាក់ កើនដល់ ១១% ខណៈដែលពិភព លោកទទួលបានទេសចរអន្តរជាតិ ចំនួន ១៤០០លាននាក់ ក្នុងកំណើន ៦% ។
ឯកឧត្ដមអគ្គលេខាធិការក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចសហការរៀបចំសន្និសីទពិភពលោកលើកទី១ ស្ដីពីទេសចរណ៍ និងវប្បធម៌ កាលពីឆ្នាំ២០១៥ នៅសៀមរាបអង្គរ ហើយដែលព្រឹត្តិការណ៍នេះបាននិងកំពុងក្លាយជាព្រឹត្តិការណ៍របស់ពិភពលោក ដែលត្រូវបានបន្តទទួលរៀបចំជាលើកទី២ ឆ្នាំ២០១៧ នៅប្រទេសអូម៉ង់ (Oman) លើកទី៣ ឆ្នាំ២០១៨នៅប្រទេសទួរគី លើកទី៤ ឆ្នាំ២០១៩ នៅប្រទេសជប៉ុន និងបន្តបន្ទាប់ទៀតនៅពេលខាងមុខ។
ទន្ទឹមនឹងនេះដែរ អង្គការ UNWTO នឹងជួយកម្ពុជាលើ៖
-ការរៀបចំពិព័រណ៌ទេសចរណ៍ម្ហូបអាហារ (Gastronomy Tourism) ឆ្នាំ២០១៩នេះ ស្របពេលនឹងការតាំងពិព័រណ៍ទេសចរណ៍ក្នុងស្រុក។
-ចូលរួមគាំទ្រសន្និសីទអន្តរជាតិស្ដីពីការសម្រួលការធ្វើដំណើរ និងទិដ្ឋាការសម្រាប់ប្រទេសអាស៊ានបូកបី អំឡុងខែមិថុនា ឆ្នាំ២០១៩នៅកម្ពុជា ។
-រៀបចំកិច្ចប្រជុំបណ្ដាញនៃ ក្រុមប្រឹក្សាអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយ ចីរភាពអន្តរជាតិ (International Network of Sustainable Tourism Observatories/INSTO) នៅកម្ពុជានៅខេត្តសៀមរាប។
-ព្រមទាំងសហការគាំទ្រកម្ពុជារៀបចំព្រិត្តិការណ៍តំបន់ និងពិភពលោកផ្សេងៗទៀតរបស់អង្គការUNWTO។