កោះសង្សារ កន្លែងសាកថ្មជីវិត លំដាប់អភិជន
កោះសង្សារជាកោះដ៏ប្រណិតមួយ ស្ថិតនៅតំបន់កោះរ៉ុង របស់ប្រទេសកម្ពុជា។ កោះនេះត្រូវបានគេចាត់ទុកជា resort លំដាប់ផ្កាយ 5 ផ្តល់សេវាកម្មនិងបដិសណ្ឋាកិច្ចយ៉ាងល្អឥតខ្ចោះ សម្រាប់ភ្ញៀវទៅកម្សាន្ត។ កោះនេះ ក៏ជាទីតាំងពេញនិយមសម្រាប់រាត្រីក្រេបទឹកឃ្មុំរបស់គូស្នេហ៍ដែលទើបរៀបការថ្មីថ្មោង។
កន្លែងស្នាក់នៅលើនៅកោះសង្សារ ជាប្រភេទវីឡាប្រណិត សាងសង់ឡើងពីឈើ បំពាក់ដោយឧបករណ៍និងសម្ភារៈប្រើប្រាស់ដូចគ្នាទៅនឹងសណ្ឋាគារលំដាប់ផ្កាយ 5។ ប្រភេទបន្ទប់មានជម្រើស 2 សម្រាប់ជ្រើសរើស គឺប្រភេទគ្រែ 1 និង គ្រែ 2 ជាមួយនឹងទេសភាពដ៏ស្រស់ត្រកាលនៃសមុទ្រធំល្វឹងល្វើយ មើលដាច់កន្ទុយភ្នែក។
ដើម្បីទៅដល់កោះសង្សារ យើងត្រូវធ្វើដំណើរតាមទូក ចេញពីព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុ ប្រមាណជា 45 នាទី។ កោះនេះ ក៏ផ្តល់សេវាកម្ម មធ្យោបាយធ្វើដំណើរជូនភ្ញៀវ ពីព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុ និង មធ្យោបាយធ្វើដំណើរតាមទូក ពីក្រុងព្រះសីហនុ ទៅកាន់កោះសង្សារផងដែរ ប៉ុន្តែត្រូវបូកបន្ថែមតម្លៃពីលើកញ្ចប់ Trip។
បើសិនយើងធ្វើដំណើរពីភ្នំពេញ តាមរថយន្ត ត្រូវចំណាយពេលប្រមាណ 2 ម៉ោង កន្លះ តាមផ្លូវល្បឿនលឿន Expressway និង បន្តតាមទូក speed boat ប្រមាណ 45 នាទីទៀតទើបទៅដល់កោះសង្សារ។
នៅលើកោះ មានសកម្មភាពពិសេសៗជាច្រើនដូចជា ការហាត់ Yoga និង ការធ្វើសមាធិ ក៏ដូចជា សេវាកម្មម៉ាស្សា ជាដើម។ ក្រៅពីនោះ យើងអាចធ្វើសកម្មភាពផ្សេងៗទៀតរួមមានការមុជចូលទៅក្នុងបាតសមុទ្រ និងការជិះទូកកាយ៉ាក់។ កោះដ៏ស្រស់ស្អាតរបស់កម្ពុជាមួយនេះ អាចរៀបចំកម្មវិធីអាំងសាច់ បាប៊ីឃ្យូ (BBQ) នៅលើឆ្នេរ ក្នុងករណីដែលភ្ញៀវស្នើរសុំផងដែរ។
ម្ហូបអាហារខ្មែរ និង អឺរ៉ុប ត្រូវបានរៀបចំយ៉ាងផ្ចិតផ្ចង់ នៅក្នុងភោជនីយដ្ឋាន នៅលើកោះ។ បន្ទាប់ពីស្រស់ស្រូបអាហារពេលល្ងាចរួចរាល់ ភ្ញៀវអាចអង្គុយលំហែអារម្មណ៍ ហូប cocktail ឫ ស្រាក្រហម នៅក្នុង Lounge ដ៏ប្រណិត។
កោះសង្សារ ទទួលបានការពេញនិយមយ៉ាងខ្លាំង ចំពោះភ្ញៀវ ដែលទៅកម្សាន្តនៅទីនោះ ជាលក្ខណៈគូស្នេហ៍ ដោយសារតែកោះនេះមានសភាពស្ងប់ស្ងាត់ រួមជាមួយនឹងឯកជនភាពខ្ពស់៕