អបអរសាទរ ប្រាសាទតុបខាងលិច ត្រូវបានជួសជុលរួចរាល់ អមដោយក្បាច់ចម្លាក់យ៉ាងស្រស់ស្អាត
ប្រាសាទតុបខាងលិច បន្ទាប់ពីបានជួសជុលរួច ធ្វើឱ្យសោភ័ណភាពបានលេចត្រដែត និងស្រស់ស្អាតជាទីទាក់ទាញភ្ញៀវទេសចរ និងបានរៀបចំយ៉ាងយកចិត្តទុកដាក់ពីអាជ្ញាធរជាតិអប្សារា រួមជាមួយវិទ្យាស្ថានជាតិណារ៉ាប្រទេសជប៉ុន ដែលធ្វើអោយប្រាសាទនេះ បានឈររឹងមាំឡើងវិញ ដោយបង្ហាញនូវភាពស្រស់ស្អាតសម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិទស្សនាប្រាសាទដ៏ប្រណិតមួយនេះ។
ប្រាសាទតុបខាងលិច ស្ថិតនៅក្នុងរាជធានីអង្គរធំ ឬនៅខាងលិចប្រាសាទបាយ័ន្ត ចន្លោះប្រាសាទបាយ័ន្តនិងខ្លោងទ្វារតាកាវ។ ប្រាសាទតូចមួយនេះ មានភាពស្រស់ស្អាតនិងទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិជាច្រើនចូលមកទស្សនានិងផ្តិតយករូបភាពប្រាសាទបុរាណនិងធម្មជាតិក្នុងបរិវេណនេះ។
អាជ្ញាធរជាតិអប្សរាបានឱ្យដឹងនាថ្ងៃទី០៣ ខែ កក្កដា ឆ្នាំ ២០២៤ថា ក្នុងការជួសជុលនេះតួប៉មកណ្តាលក៏បានកែកុនផងដែរ ដោយរក្សាទុកនូវផ្នែកចម្លាក់លម្អផ្សេងៗ ដូចជា ផែ្តរ និងសសរធ្វើពីថ្មភក់ពណ៌ផ្កាឈូក ព្រមទាំងសង់បន្ថែមតួប៉មចំនួនពីរនៅសងខាងបន្ថែមទៀត។ តួប៉មទាំងអស់នោះសុទ្ធតែមានចម្លាក់រូបព្រះពុទ្ធសាសនា។ នៅសម័យកណ្តាល សាងខឿនទ្រវែងមួយ តពីខឿនចាស់មកខាងកើត។ នៅចុងខាងលិចនៃ ខឿនលយថ្មីនេះ គេឃើញសំណល់បល្ល័ង្កព្រះធំមួយ។
ប្រភពខាងលើនេះបានឱ្យដឹងថា ដោយសារអាយុកាល កត្តាធម្មជាតិ និងការកង្វះការថែទាំរយៈពេលយូរ បានធ្វើឱ្យប្រាសាទនេះរងការខូចខាតស្ទើរតែទាំងស្រុង។ ពេលបច្ចុប្បនេះ ក្រោយចំណាយពេលជួសជុលអស់ជាច្រើនឆ្នាំ ក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា ជាមួយវិទ្យាស្ថានជាតិណារ៉ាប្រទេសជប៉ុន ប្រាសាទតុបលិច បានឈររឹងមាំឡើងវិញ បង្ហាញនូវសោភ័ណភាព សម្រាប់ជាទីគោរពបូជា និងទស្សនាស្វែងយល់ពីស្ថាបត្យកម្ម និងក្បាច់ចម្លាក់ផ្សេងៗ។ ត្បិតប្រាសាទតូចមួយនេះ មានភាពស្រស់ស្អាត និងគួរជាទីចាប់អារម្មណ៍ទាំងប្រាសាទ និងធម្មជាតិជុំវិញ ដែលទេសចរមិនត្រូវរំលង។
គួរបញ្ជាក់ផងដែរថា ប្រាសាទតុបខាងលិច កសាងឡើងក្នុងរវាងសតវត្សទី១០ ដែលមានរចនាប័ទ្មបន្ទាយស្រី ឧទ្ទិសចំពោះព្រហ្មញ្ញសាសនា។ ចាប់ពីសតវត្សទី១៣ដល់ទី១៧ ប្រាសាទនេះ ត្រូវបានកែបន្ថែមខ្លះៗ ដែលគេឃើញដល់សព្វថ្ងៃដូចជា ការកសាងប្រាង្គពីរអមសងខាង ព្រមទាំងខឿនថ្មមួយខាងមុខប្រាសាទបន្ថែមទៀត ឱ្យក្លាយជាឧបោសថាគារ ជាទីសក្ការៈរបស់ព្រះពុទ្ធសាសនាថេរវាទជាដើម។