អបអរសាទរ ៖ កម្ពុជាជាប់ជាគោលដៅវប្បធម៌ឈានមុខគេនៅអាស៊ី ក្នុងឆ្នាំ២០២៤
កម្ពុជាត្រូវបានចាត់ទុកជាគោលដៅវប្បធម៌ឈានមុខគេនៅអាស៊ីសម្រាប់ឆ្នាំ ២០២៤ ដោយស្ថាប័នពានរង្វាន់ទេសចរណ៍ពិភពលោក។ នេះជាលើកទីបួនហើយដែលកម្ពុជាបានឈ្នះពានរង្វាន់ដ៏អស្ចារ្យនេះ។
ចាប់តាំងពីការបង្កើត World Travel Awards ក្នុងឆ្នាំ១៩៩៣ ដែលមានមូលដ្ឋាននៅក្រុងឡុងដ៏ ចក្រភពអង់គ្លេស ក្លាយជាស្ថាប័នដែលទទួលស្គាល់ និងផ្តល់ជ័យលាភីសម្រាប់ឧស្សាហកម្មទេសចរណ៍ ការធ្វើដំណើរ និងបដិសណ្ឋារកិច្ច ទូទាំងពិភពលោក។
នេះជាការប្រកាសជ័យលាភីប្រចាំលើកទី៣១របស់ World Travel Awards ដោយមានការបែងចែកជ័យលាភីជាច្រើនផ្នែកក្នុងតំបន់នីមួយៗ រួមមានតំបន់អាស៊ី អាហ្វ្រិក ការ៉ាអ៊ីប អាម៉េរិកកណ្តាល អឺរ៉ុប មហាសមុទ្រឥណ្ឌា មជ្ឈឹមបូព៌ា អាម៉េរិកខាងជើង អូសេអានី និងអាមេរិកខាងត្បូង។
ដូចកាលពីឆ្នាំ២០២២ និងឆ្នាំ២០២៣ កន្លងមកដែរ កម្ពុជាបានជាប់ជ័យលាភីជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេនៅតំបន់អាស៊ី (Asia’s Leading Cultural Destination) ដោយទទួលបានសំឡេងគាំទ្រច្រើនជាងឥណ្ឌា ជប៉ុន ណេប៉ាល់ ស្រីលង្កា ថៃ និងវៀតណាម។ បើគិតពីឆ្នាំ២០១៩មក វៀតណាម ឈ្នះ២លើក ថៃ១លើក និងកម្ពុជា២លើក។
សម្រាប់ជ័យលាភីជាគោលដៅទេសចរណ៍យុវជនឈានមុខគេនៅតំបន់អាស៊ី (Asia’s Leading Youth Travel Destination) កម្ពុជាទទួលបានសំឡេងគាំទ្រច្រើនជាងប្រទេសជិតខាងទាំងបី គឺឡាវ ថៃ និងវៀតណាម។ ឡាវធ្លាប់ឈ្នះ២លើក ថៃ១លើក និង២លើកចុងក្រោយ បានមកកម្ពុជា។
នៅឆ្នាំ២០២៤នេះ ខេត្តសៀមរាប ក៏បានជាប់ជាបេក្ខភាពនៃពានរង្វាន់ Asia’s Most Romantic Destination 2024 ប៉ុន្តែសៀមរាប និងកោះសាមុយរបស់ថៃ ទទួលបានសំឡេងគាំទ្រតិចជាងកោះបាលី ប្រទេសឥណ្ឌូណេស៊ី។
សូមជម្រាបជូនបន្ថែមថា ប្រទេសដែលទទួលបានដំណែងជាទិសដៅទេសចរណ៍វប្បធម៌ឈានមុខគេនៅតំបន់អាស៊ីក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះមានដូចជា ប្រទេសកម្ពុជា,ប្រទេសថៃ និងប្រទេសវៀតណាម។
គួរបញ្ជាក់ផងដែរថា ៧ខែ ឆ្នាំ២០២៤នេះ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣,៧៤លាននាក់ កើនឡើង ២៣,២% ធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣។ក្នុងនោះ ទេសចអន្តរជាតិទៅទស្សនារមណីយដ្ឋានអង្គរ ប្រមាណជាង ៥៨ម៉ឺននាក់ កើនឡើង ៣៣% និងរកចំណូលបានប្រមាណជាង ២៧លានដុល្លារ កើនឡើង ៣៣,៧% ធៀបនឹងឆ្នាំមុន៕