ក្រសួងដាក់ឱ្យដំណើរការលេខទូរស័ព្ទ និងតេលេក្រាម សម្រាប់ស្នើសុំថតក្នុងរមណីយដ្ឋានអង្គរ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តាមរយៈអាជ្ញាធរជាតិអប្សរា បានប្រកាសដាក់ឱ្យដំណើរការប្រព័ន្ធទូរស័ព្ទ និងតេឡេក្រាម សម្រាប់សាធារណជន ឬភាគីពាក់ព័ន្ធអាចស្នើសុំថតភាពយន្ត ឬស្នើសុំផ្តល់សេវាកម្មផ្សេងៗក្នុងរមណីយដ្ឋានអង្គរ ដើម្បីបង្កើនភាពងាយស្រួល និងកាត់បន្ថយការចំណាយពេលវលា។
ការដាក់ឱ្យដំណើរការប្រព័ន្ធទូរសព្ទ និងតេឡេក្រាម ធ្វើឡើងបន្ទាប់ពីមានមតិរិះគន់មួយចំនួនដល់អាជ្ញាធរពាក់ព័ន្ធអសកម្មក្នុងការផ្ដល់សេវាកម្មផ្សេងៗក្នុងរមណីយដ្ឋានអង្គរ ជាពិសេសពាក់ព័ន្ធនឹងការស្នើថតភាពយន្ត។
ក្នុងសេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា បញ្ជាក់ថា អាជ្ញាធរជាតិអប្សរា បានសម្រេចបង្កើត និងដាក់ឱ្យប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមតេឡេក្រាម (TELEGRAM) និងលេខទូរស័ព្ទ (CALL CENTER)។
ការដាក់ឱ្យដំណើរការប្រព័ន្ធទូរសព្ទ និងបណ្ដាញសង្គមខាងលើនេះ ក្នុងគោលដៅសម្រួលដល់ការស្នើសុំការអនុញ្ញាត និងនីតិវិធីនៃការរៀបចំបែបបទពាក់ព័ន្ធនឹងការស្នើសុំផ្តល់សេវាកម្មផ្សេងៗក្នុងរមណីយដ្ឋានអង្គរព្រមទាំងដើម្បីកាត់បន្ថយការចំណាយពេលវលា។
អាជ្ញាធរជាតិអប្សរា បន្ថែមថា ចំពោះប្រព័ន្ធទូរសព្ទ និងបណ្ដាញសង្គមខាងលើនេះ គឺអនុញ្ញាតឱ្យសាធារណជន និងភាគីពាក់ព័ន្ធទទួលបាននូវការផ្តល់សេវាកម្មផ្សេងៗតាមរយៈប្រព័ន្ធអនឡាញប្រកបដោយគុណភាព និងប្រសិទ្ធភាព។
បណ្តាញ TELEGRAM មានឈ្មោះ «មជ្ឈមណ្ឌលសេវាកម្មនៃអាជ្ញាធរជាតិអប្សរា» និងលេខទូរសព្ទសម្រាប់ទំនាក់ទំនង(CALL CENTER) គឺ 014 222 599 ។
ប្រធានមជ្ឈមណ្ឌលសេវាកម្មនៃអាជ្ញាធរជាតិអប្សរា លោក ម៉ូត ឌីណា ប្រាប់កាសែតខ្មែរថាមស៍ កាលពីម្សិលមិញថា សាធារណជនដែលអាចហៅចូលសម្រាប់សេវាកម្មផ្សេងៗមានដូចជា ស្នើសុំសាងសង់ផ្ទះ និងជួសជុលផ្ទះ។
លោកបន្ថែមថា៖ «ចំពោះភ្ញៀវទេសចរ អាចហៅដើម្បីស្នើសុំថតរូបបែបកម្សាន្ត ថតវីដេអូ ថតភាពយន្ត ថតផ្សព្វផ្សាយពាណិជ្ជកម្ម និងស្នើថតរូបផ្សេងៗមួយចំនួនទៀត»។
លោកថា សាធារណជនគ្រប់រូប អាចហៅចូលបានក្នុងករណីស្នើសុំផ្ដល់សេវាកម្មផ្សេងៗនៅក្នុងរមណីដ្ឋានអង្គរ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។
លោក ម៉ូត ឌីណា បញ្ជាក់ថា ចំពោះលេខទូរសព្ទសម្រាប់ទំនាក់ទំនងខាងលើនេះ អាចហៅចូលចាប់ពីម៉ោង ៨:00នាទីព្រឹក ដល់ម៉ោង ៤:០០នាទីរសៀល ជារៀងរាល់ថ្ងៃធ្វើការចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។
លោក ឡុង កុសល អគ្គនាយរង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរា ក៏ដូចជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំយន្តការសម្រាប់កែសម្រួល និងកែលម្អនូវភាពខ្វះខាតមួយចំនួន ជាពិសេសពាក់ព័ន្ធនឹងការស្នើសុំថតក្នុងរមណីយដ្ឋានអង្គរ គឺមានភាពងាយស្រួលជាងមុន។
លោកថា៖ «ជាយន្តការ យើងនឹងពិភាក្សាជាមួយផ្នែកពាក់ព័ន្ធ និងវិស័យឯកជន ហើយយើងនឹងពិនិត្យរកយន្តការសមស្របណាមួយ ដើម្បីធ្វើយ៉ាងណាឱ្យការងារស្នើសុំថតនេះ ប្រកបដោយរលូន និងមានប្រសិទ្ធភាពខ្ពស់»។
កាលពីចុងខែកញ្ញា អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា អាជ្ញាធរមិនមានការហាមឃាត់ចំពោះការថតរូបភាព ឬវីដេអូ សម្រាប់ចងក្រងជាអនុស្សាវរីយ៍ផ្ទាល់ខ្លួន ឬលក្ខណៈទេសចរណ៍ ដើម្បីផ្សព្វផ្សាយសិល្បៈ និងវប្បធម៌ ឱ្យពិភពលោកបានស្គាល់ពីភាពទាក់ទាញ និងសម្បត្តិវប្បធម៌ដ៏អស្ចារ្យរបស់កម្ពុជានោះទេ។
ជាក់ស្តែង ការថតរូបភាព និងវីដេអូ តាមទម្រង់ទាំងនេះ ត្រូវបានភ្ញៀវទេសចរជាតិ-អន្តរជាតិ បង្ហោះផ្សព្វផ្សាយនៅតាមបណ្តាញសង្គមនានាដូចជា ហ្វេសប៊ុក TikTok និងបណ្ដាញសង្គមជាច្រើនផ្សេងទៀតរួចមកហើយ។
អាជ្ញាធរជាតិអប្សរាបន្ថែមថា ក្នុងគោលបំណងបញ្ចៀសកំហុសឆ្គងដោយអចេតនាកើតចេញពីការផ្សព្វផ្សាយ ដែលអាចធ្វើឱ្យប៉ះពាល់គុណតម្លៃនៃប្រាសាទបុរាណ និងជាសម្បត្តិបេតិកភណ្ឌពិភពលោក គឺតម្រូវឱ្យសាធារណជនដាក់ពាក្យស្នើសុំមកអាជ្ញាធរជាតិអប្សរា ដើម្បីមន្ដ្រីជំនាញមានលទ្ធភាពពិនិត្យជាមុនពាក់ព័ន្ធនឹងទិដ្ឋភាពបច្ចេកទេស ខ្លឹមសារផ្សព្វផ្សាយ និងសម្ភារៈប្រើប្រាស់ជាដើម៕