(ខេត្តមណ្ឌលគិរី)៖ នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី សហការជាមួយរដ្ឋបាលខេត្ត រៀបចំពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកលើកទី៤៣ ឆ្នាំ២០២៣ ក្រោមប្រធានបទ “ទេសចរណ៍ និងការវិនិយោគបៃតង” រួមជាមួយទិវាពិភពលោកស្អាតលើកទី៦។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្ត កងកំលាំងទាំងបីប្រភេទ ប្រជាពលរដ្ឋ អាជីវករ ប្រតិបត្តិករទេសចរណ៍ សិស្សានុសិស្ស យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហម យុវជនកាយរឹទ្ធិ យុវជនសម្ព័ន្ធយុវជនស្រលាញ់សន្តិភាព និងដៃគូពាក់ព័ន្ធ សរុបប្រមាណ ១.៤០០ នាក់ ដោយរៀបចំជាកម្មវិធីសម្អាតបរិស្ថានតាមទីសាធារណៈ សួនច្បារ និងតាមដងផ្លូវ រួមជាមួយការដាំដើមឈើដើម្បីលម្អនៅបរិវេណវិមានឯករាជ្យ ចំនួន៦០ដើម។