សូមស្វាគមន៍ទេសចរកូរ៉េជាង៤០០នាក់ បានមកដល់ខេត្តសៀមរាប នារសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣
សៀមរាប៖ ទេសចរកូរ៉េចំនួន៤០៣នាក់ បានមកដល់អាកាសយានដ្ឋានអន្តរជាតិសៀមរាប តាមជើងយន្តហោះចំនួន២ កាលពីរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ ។
តាមការឱ្យដឹងពីក្រុមហ៊ុនទេសចរណ៍ Tour Fresh ដែលមានដៃគូសហការជាមួយក្រុមហ៊ុនទេសចរណ៍នៃសាធារណរដ្ឋកូរ៉េ បញ្ជាក់ថា ក្រុមអ្នកទេសចរកូរ៉េ ដែលមកទស្សនានៅខេត្តសៀមរាបនាពេលនេះ មិនមែនជាក្រុមដំបូង ហើយក៏មិនមែនជាក្រុមចុងក្រោយនោះទេ។
បើតាមគម្រោង សម្រាប់ជំហានដំបូងនេះទេសចរជនជាតិកូរ៉េអាចមានចំនួនប្រមាណ ១ ២០០នាក់ តែដោយសារការរៀបចំនៅពុំទាន់មានភាពរលូន ទើបធ្វើការរៀបចំជាជំហានៗ ៤០០នាក់។ ក្រុមហ៊ុនដដែលបានបន្ថែមថា ក្រុមទេសចរនេះ មានលក្ខណៈចម្រុះ ដែលជាប្រភេទគ្រួសារ មិត្តភក្តិ ចាស់ ក្មេងជាដើម។ ពួកគេបានលឺពីភាពស្រស់ស្អាតនៃធម្មជាតិ ជាពិសេសប្រាសាទបុរាណរបស់កម្ពុជាជាយូរមកហើយ។ សម្រាប់ដំណើរទេសចរណ៍នេះ ពួកគេនឹងមកទស្សនា និងស្នាក់នៅក្នុងខេត្តសៀមរាប រយៈពេល ៤ថ្ងៃ។
ចំពោះបដិសណ្ឋារកិច្ច ក្រុមហ៊ុនក៏ដូចជាប្រតិបត្តិករទេសចរណ៍ក្នុងខេត្ត បានសហការគ្នាយ៉ាងល្អតាមរយៈការស្វាគមន៍ តាមទំនៀមទម្លាប់របស់ខ្មែរយ៉ាងរួសរាយរាក់ទាក់ និងកក់ក្ដៅ។
*របាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តសៀមរាប